Tuesday, August 16, 2016

ផ្ទុះ​រឿង​អាស្រូវឡើងកម្ដៅមួយទៀត ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញថា កិបកេង​ថវិកាជាតិ

ខេត្តស្វាយសៀង៖ រឿងអាស្រូវ​បាន​ផ្ទុះឡើង​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ដែល​មាន​លោក កែរ រដ្ឋា ជា​ប្រធាន​មន្ទីរ កំពុង​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ពី​មហាជន ព្រោះថា​រយៈពេល​ថ្មីៗ​នេះ លោក​ប្រធាន​មន្ទីរ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញថា ប្រធាន​មន្ទីរ​រូបនេះ បាន​ទទួល​សំណូក​ពី​មន្ត្រី​ជាប់​កិច្ចសន្យា ដើម្បី​ចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​សុខាភិបាល ។
​ប្រភព​ដែល​ធ្វើឲ្យ​ចាប់​អារម្មណ៍បំផុតនោះ​ពី​មន្ត្រី ដែល​ជាប់​កិច្ចសន្យា​នោះ គឺ​បាន​ធ្លាយ​ចេញ​រឿង​កិបកេង​ថវិកាជាតិ ដែល​ប្រព្រឹត្ត​ដោយ​លោក​ប្រធាន មន្ទីរ កែរ រដ្ឋា និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ ហេ​ម បេណា​លី ដែល​បាន​បំផ្លាញ​ថវិកាជាតិ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ អស់​រាប់​ពាន់​លាន​រៀល តាមរយៈ​ការ​បំប៉ោង​ការចំណាយ​ផ្សេងៗ ដែល​មិន​ប្រក្រតី ។ ដោយ​ក្នុង​នោះ ថវិកា​ភាគច្រើន​ដែល​ចំណាយ ទៅលើ​ការថែទាំ​និង​ជួសជុល ផ្នែក​ជួយ​ប្រជាជន​សំរាក​ពេទ្យ​និង​ការចំណាយ​ថវិកា​រេច្ច​ទ័យ រួម​និង​ការ ប្រើប្រាស់​ប្រេងឥន្ធនៈ ។ ប៉ុន្តែ​ចាប់តាំងពី​លោក​កែរ រដ្ឋា បាន​ឡើង​ជា​ប្រធាន​មន្ទីរ​បន្ត​ពី​សព​លោក​ប៉ែន សុន​ណា រឿងអាស្រូវ​ជាច្រើន​ដែល​គាត់​ប្រព្រឹត្ត​ត្រូវបាន​បិទបាំង​យ៉ាង​ល្អ ទើបតែ​ពេល​ថ្មី​នេះ​បាន​ធ្លាយ​រឿងអាស្រូវ​របស់​គាត់ ក្នុងការ​ទារប្រាក់​ពី​មន្ត្រី​ជាប់​កិច្ចសន្យា​ម្នាក់ៗ​រាប់ពាន់​ដុល្លារ ជា​ថ្នូរ​និង​ការចូល ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​។ ករណី​នេះ​ធ្វើឲ្យ​មាន​ការប្តឹង​មកកាន់​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ ហើយ អង្គភាព​មួយ​នេះ ក៏​បាន​ហៅ​លោក​កែរ រដ្ឋា មក​ចូល​បំភ្លឺ ទន្ទឹម​និង​ការចូល​បំភ្លឺលោក​កែរ រដ្ឋា ធ្វើការ​គំរាម​ប្តឹង​ដល់​អ្នក​ដែល​ប្តឹង​គាត់ និង​បាន​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ភស្តុតាង​បាន​ថែម​ទៀត នេះ​បើ​តាម​ការអះអាង​ របស់លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែល​ថ្លែងប្រាប់​វិទ្យុ​បារាំង នា​ពេល​ថ្មី​ៗកន្លងមកនេះ ។​
​ប្រភព​បាន​អះអាង​ថា រឿង​ដែល​មាន​ការប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺជា​រឿង​តូច​មួយ​របស់​លោក​ប្រធាន​មន្ទីរ កែរ រដ្ឋា តែប៉ុណ្ណោះ ។ សំរាប់​រឿង​ជាច្រើន នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​រឿង​នេះ​ត្រូវបាន​លាក់កំបាំង​យ៉ាង ស្ងាត់ស្ងៀម ទើប​មាន​ការផ្ទុះ​ចេញ​នូវ​ការប្តឹង នា​ពេល​ថ្មី​នេះ ក៏​បាន​ធ្លាយ​ចេញ​បន្ថែម​នូវ​រឿងអាស្រូវ ពុករលួយ​ដ៏​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ដូច​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចុះ​ស្រាវជ្រាវ​ការចំណាយ​ថវិកាជាតិ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ឲ្យបាន​ស៊ីជំរៅ ដើម្បី​រកឲ្យឃើញ​នូវ​អំពើ​ពុករលួយ ។
ទាក់ទិន​និង​រឿងរ៉ាវ​ខាងលើនេះ​យ៉ាងណាក្តី សារព័ត៌មានយើង​​មិនទាន់អាចសុំការបំភ្លឺណាមួយពីមន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀងក៏ដូចជាអង្គភាព​ប្រឆាំង​អំពើពុករលួយនិងអ្នកពាក់ព័ន្ធ​ បាននៅឡើយទេ ៕
 

Reference : http://www.vd7news.com/article/2713
Load disqus comments

0 comments